jump to navigation

ប្រវិត្តិបុណ្យវិសាខបូជា ខែ​ឧសភា 14, 2011

Posted by ភិក្ខុ គង់ តូ in ពិធីបុណ្យផ្សេងៗក្នុងសាសនា, អត្ថបទព្រះធម៌.
trackback

ពិធី​បុណ្យ​វិសាខ​បូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធ​សាសនា រាប់ថា​ជា​ពុទ្ធា​នុស្សរណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ​សមណ​ គោត្ដម បរម​គ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី (គីថ្ងៃ១៥កើត) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង​ព្រះ​សង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​បូជា​ប្រកប​ដោយ​ជំនឿ​ថា ជា​មហា​កុសល​ដ៏​ប្រសើរ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នាថ្ងៃ​១៥ កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន​កំណត់​ទុក​ក្នុង​គម្ពីរ​បឋម​សម្ពោធិថា ជា​មហា​មង្គល អភិ​លក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់​ប្រសូត​ចាក​ឧទរមាតា
២-ទ្រង់​ត្រាស់​ដឹង​អនុត្ដរ​សម្មា​សម្ពោធិញ្ញាណ
៣-ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះបរម​និព្វាន


លំដាប់ពីស្ដាំ ទៅឆ្វេង
សម្ដេច​ព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ​ទាំង​អស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចង​ក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា៖​ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះ​ពុទ្ធ​យាង​ចុះ​កាន់​គភ៌​នៃ​ព្រះវរ​មាតា ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃ​ពេញ​បូណ៌​មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញ​បូណ៌មី ខែពិសាខ (ផ្សេង​តែ​ឆ្នាំ) ។ ជា​ប្រពៃណី ពិធី​វិសាខ​បូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា “បុណ្ណមី” មាន​សេចក្ដី​ថា ខែពេញ​បូណ៌មី ។
ម្យ៉ាងទៀត

​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយ​ស្រួល​២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត​ដើម្បី​បើក​ឱកាស​ឱ្យ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំគ្នា​ដ៏​ច្រើន ​កុះករ​ទាំង​ប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់​ជា​វេលា​ទំនេរ​ផង ។
ពិធី​វិសាខ​បូជា​ចាត់​ទុក​ថា ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន​ ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំគ្នា​អ៊ូអូរ ដោយ​នាំ​ទៅ​ជាមួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កា ភ្ញី និង​ប្រទីប​ជ្វាលា​តូច-ធំ អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ដ​អារាម។ និយាយ​រួម​ការ​ធ្វើ​បុណ្យ​វិសាខ​បូជា​គឺ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​ មង្គល​អភិ​លក្ខិតកាល​ទាំង​៣ ដូច​ពោល​ខាងលើ ។ រីឯ​ពិធី​ដែល​ធ្វើ​កំណត់​ថា ត្រឹម​ត្រូវ គឺ​ត្រូវ​មាន​ការ​សម្ដែង​រឿង​ពុទ្ធប្បវត្ដិ តាំង​អំពី​ដើម​រហូត​ ដល់​ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើត​មាន​ក្នុង​គុណ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យ​ខ្លាំង​ក្លា​ឡើង។ ពិធី​ដែល​ប្រជាជន​ខ្មែរ​យើង​ធ្លាប់​ធ្វើ​រួច​ហើយ​ចាត់​ទុក​ជា​បែប​ដែល​ល្អ និង​សម​ស្រប​ទៅ​នឹង​ប្រពៃណី​ពី​បុរាណ។
ប្រភព​កំណើត​នៃ​វិសាខបូជា
-តើ​ប្រទេស​ណា​ជា​អ្នក​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​វិសាខ​បូជា​នេះ​មុន​គេ?
-តើ​ប្រទេស​កម្ពុជា​យើង​ចាប់​ផ្ដើម​ធ្វើ​បុណ្យ​វិសាខ​បូជា​ពី​ត្រឹម​ពេល​ណា​មក?
នៅ​ពេល​ដែល​ពុទ្ធ​បរិស័ទ​ក្នុង​ប្រទេស​គោរព​ប្រតិបត្ដិ​ពុទ្ធ​សាសនា​ទាំង​ ឡាយ​បាន​ជ្រួត​ជ្រាប​អំពី​អភិលក្ខិត​កាល​និយម គឺថ្ងៃ​ប្រសូត ត្រាស់ដឹង និង​បរិ​និព្វាន​របស់​ព្រះ​សម្មា​សម្ពុទ្ធថា សុទ្ធ​តែ​នៅ​ថ្ងៃពេញ​បូណ៌មី ខែ​វិសាខ ហើយ​ក៏នាំ​គ្នា​ធ្វើ​ពិធី​វិសាខ​បូជា​ជា​រៀង​រហូត​តាំង​ពី​បុរាណ​កាល​មក ។
តាម​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា ការ​ធ្វើ​ពិធី​វិសាខ​បូជា​នេះ ពុំ​មែន​ធ្វើ​ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ថ្មីៗ​នោះ​ទេ​ គឺ​ធ្វើ​ក្រោយ​ពេល​ដែល​ព្រះពុទ្ធ​បរម​គ្រូ​ទ្រង់​បរិនិព្វាន​កន្លង​ទៅ​ជា​ ច្រើន​រយ​ឆ្នាំ ។
បញ្ជាក់ ៖ បុណ្យ​វិសាខ​បូជា​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់​ចំពោះ​បណ្ដា​ ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​លើ​សាកល​លោក ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។
ចំណែក​ប្រទេស​កម្ពុជា ដែល​មាន​ព្រះពុទ្ធ​សាសនា បាន​មក​ប្រតិ​ស្ឋាន​តាំង​ពី​ដំបូង ហើយ​ស្ថិត​នៅ​ជា​ប្រទេស​មាន​ឥស្សរភាព​ជា​យូរ​ណាស់​មក​ហើយ តែ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ពិនិត្យ​មើល​ក្នុង​ព្រះរាជ​ពង្សាវតារ ឬ​ក្នុង​សេចក្ដី​កំណត់​ហេតុ​ផ្សេងៗ​តាំង​ពី​សម័យ​នគរភ្នំ “ហ្វូណន” រហូត​មក​ដល់​សម័យ​ក្រុង​លង្វែក មិន​ប្រាកដ​ថា មាន​ទំនៀម​ធ្វើ​វិសាខ​បូជា​ឡើយ។ តែ​បើ​យោង​ទៅ​លើ​សេចក្ដី​ថា ព្រះពុទ្ធ​សាសនា​លទ្ធិ​លង្កា បាន​ផ្សាយ​ចូល​មក កម្ពុជ​រដ្ឋ​ក្នុង​សម័យ​ជាមួយ​គ្នា​នឹង​ក្រុង​សុខោ​ទ័យ គួរ​សន្និដ្ឋាន​បាន​ថា មាន​ទំនៀម​ធ្វើ​វិសាខ​បូជា​រួច​មក​ហើយ ដូច​ជា​ប្រទេស​ថៃ​ដែរ តែ​កម្ពុជា​យើង​ពុំឃើញ​មាន​ឯកសារ​ជា​ភស្ដុតាង ឬ​ក៏​មាន​ដែរ តែ​ត្រូវ​រលាយ​សាប​សូន្យ​អស់​ទៅ។
លុះ​ចំណេរ​យូរ​លង់​មក គឺ​ក្នុង​សម័យ​ក្រុង​អយុធ្យា​ខាង​ថៃ និង​ក្នុង​សម័យ​ក្រុង​លង្វែក​ខាងខ្មែរ ទំនៀម​ទំលាប់​ធ្វើ​វិសាខ​បូជា ត្រឡប់​ជា​សាបសូន្យ​ទៅ​វិញ ដូចជា ភ្លេច​សូន្យ​ឈឹង​ទាំង​ស្រុង ព្រោះ​មិន​មាន​ប្រាកដ ក្នុង​ឯកសារ​ណា​មួយ​ថា បាន​ធ្វើ​ឡើយ ។ ទាំង​នេះ​ព្រោះ​ហេតុអ្វី?
តាម​ការ​សន្និដ្ឋាន​ឃើញ​ថា
១-ព្រោះ​ព្រះ​សង្ឃ​អំពី​លង្កា​នោះ​ផុត រលត់​អស់​ទៅ
២- ព្រោះ​រឿង​បឋម​សម្ពោធិកថា ស្ដី​ពី​រឿង​ពុទ្ធប្រវត្ដិ​ក្នុង​ពេល​នោះ មាន​តែ​ភាសា​បាលី ហើយ​នៅ​រាត់​រាយ​ក្នុង​គម្ពីរ​ព្រះត្រៃ​បិដក ខ្លះ​ក្នុង​អដ្ឋកថា ខ្លះ​ពុំទាន់​ចង​ក្រង​រួប​រួម និង​ពុំទាន់​បាន​ប្រែ​រៀប​រៀង​ជាភាសា​សំរាប់​ជាតិ​នៅ​ឡើយ។ រីឯ​អ្នក​ស្រុក​ក៏ពុំ​ទាន់​ជ្រួត​ជ្រាប​ជា​ទូទៅ​គ្រប់​គ្នា មាន​តែ​ព្រះសង្ឃ ដែល​ចេះ​ភាសា​បាលី ទើប​អាច​ដឹង​បាន​ខ្លះ ព្រោះ​ហេតុ​នេះ​ហើយ​ទើប​ពិធី​បុណ្យ​វិសាខ​បូជា​ត្រូវ​បាន​សាប​សូន្យ​ទៅ​វិញ។
ចំណេរ​ក្រោយ​មក​ប្រទេស​ថៃ​ក្នុង​សម័យ​ក្រុង​ទេព “បាងកក” តាម​សេចក្ដី​ដែល​មាន​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ស៊ិប​សង​ដឿន​ថា ក្នុង​រជ្ជកាល​ទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសក រាជ២៣៦០ គ្រិស្ដ​សក​រាជ១៨១៧ ទើប​កើត​មាន​ពិធី​វិសាខ​បូជា ដោយ​ពេល​នោះ​មាន​សម្ដេច​ព្រះសង្ឃរាជ​១​ព្រះអង្គ​ព្រះ​នាម “មី” នៅ​វត្ដ​រាជ​បូរណៈ​មក​ថ្វាយ​ព្រះពរ​សុំ​ឱ្យ​ទ្រង់​ធ្វើ​វិសាខ​បូជា​ជា​ ដំបូង។ ឯ​របៀប​ធ្វើ​ពិធី​ក៏​ប្រហាក់​ប្រហែល​គ្នា​នឹង​របៀប​ធ្វើ​នៅ​ក្នុ​ង​ក្រុង សុខោទ័យ ប៉ុន្ដែ​មិន​សូវ​ជា​អធិកអធម​ដូច​គ្រា​នោះ​ទេ ។
ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ក្នុង​សម័យ​ជាមួយ​គ្នា​នេះ ប្រហែល​ជា​មិន​ទាន់​មាន​ទំនៀម​ធ្វើ​នៅ​ឡើយ ដោយ​ហេតុ​ថា ការ​ធ្វើ​វិសាខ​បូជា​នៅ​ប្រទេស​ថៃ​ក្នុង​ជំនាន់​នោះ​នៅ​មិន​ទាន់​មាំមួន​នៅ​ ឡើយ ទាំង​គម្ពីរ​បឋម​សម្ពោធិ ដែល​សំរាប់​ប្រើ​ប្រាស់​ក្នុង​ការ​នេះ ក៏​មិន​ទាន់​មាន​នៅ​ឡើយ​ដែរ ហើយ​ទំនង​ជា​មិន​ទាន់​បាន​ជ្រួត​ជ្រាប​ដល់​ប្រជាជន​ខ្មែរ​ផង ។
ឯគម្ពីរ​បឋម​សម្ពោធិ​ជា​រឿង​ពុទ្ធ​ប្រវត្ដិ​ដំណាល​រឿង​ចាប់​ផ្ដើម​តាំង​ពី​ ព្រះអង្គ​ចុះ​ចាកតុសិត​ទេវលោក មក​យក​កំណើត​ជា​ព្រះរាជ​បុត្រ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះនាង​មហា​មាយា​នៅ​នគរ​កបិលពស្ដុ ក្នុង​មជ្ឈិម​ប្រទេស​រៀង​រាប​ដរាប​ដល់​ទ្រង់​បាន​ត្រាស់​ជាអង្គ​ព្រះពុទ្ធ ប្រោស​សត្វ ហើយ​ស្ដេច​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះបរម​និព្វាន​ជាទី​បំផុត ។
គម្ពីរ​បឋម​សម្ពោធិ​នេះ អ្នក​ប្រាជ្ញ​តែង​ឡើង​សំរាប់​ប្រើ​ប្រាស់​ទេសនា​នៅ​ក្នុង​បុណ្យ​វិសាខ​បូជា។ ព្រោះ​ថា​ការ​ដែល​នាំ​យក​ប្រវត្ដិ​របស់​រឿង​នេះ​មក​សម្ដែង ដើម្បី​ជា​ភស្ដុតាង​បញ្ជាក់​ឱ្យ​ដឹង​ថា វិសាខ​បូជា​កើត​ឡើង​ពិត​ប្រាកដ​នោះ​ពី​ត្រឹម​ពេល​ដែល​កើត​គម្ពីរ​នេះ​ឡើង។ គម្ពីរ​នេះ​កើត​មាន​ប្រាកដ​ឡើង​នៅ​ប្រទេស​ថៃ ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេច​ព្រះ​ណាំង​ក្លៅ “រជ្ជកាល​ទី៣” ជា​ដំបូង ហើយ​ក្នុង​ ជំនាន់​នោះ​គម្ពីរ​នេះ​មាន​២​ប្រភេទ​គឺ ៖
១-បឋម​សម្ពោធិសង្ខេប​មាន​២០​បរិច្ឆេទ មិន​មាន​ឈ្មោះ​អ្នក​និពន្ធ​ពិត​ប្រាកដ​ទេ ប្រហែល​ជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី២ ។
២-បឋម​សម្ពោធិ​វិត្ថារ ជា​ភាសា​មគធៈ​មាន​២១​ខ្សែ ឬ៣០​បរិច្ឆេទ​ទាំង​ជា​ភាសា​បាលី និង​​សម្រាយ ។
ព្រះបាទ សម្ដេច​ព្រះ​ណាំងក្លៅ ទ្រង់​អារាធ​នាសម្ដេច​ក្រុម​ព្រះ​បរមានុជិត ជិនោរស សង្ឃ​រាជ​នៅ​វត្ដ​ព្រះជេតព័ន ក្នុង​ក្រុង​ទេព​ឱ្យ​និពន្ធ​ឡើង។ សម្ដេច​ក្រុម​ព្រះអង្គ​នេះ​បាន​រួប​រួម​សេចក្ដី​ចេញ​ពី​គម្ពីរ​ផ្សេងៗ និង​និពន្ធ បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធ​សករាជ​២៣៨៧ គ្រិស្ដ​សករាជ​១៨៤៥ ។
ចំណែក ប្រទេស​ខ្មែរ​យើង គម្ពីរ​បឋម​សម្ពោធិ​ជា​ភាសា​មគធៈ មាន​២១ខ្សែរ ឬ៣០​បរិច្ឆេទ។ គម្ពីរ​ជា​សំរាយ​មាន​៣បែប​គឺ១ ហៅថា បឋម​សម្ពោធិ​សង្ខេប ឬហៅថា “បឋម​ត្រាស់” មាន​៥-៦ខ្សែ ឬ​មួយ​ខ្សែ​ចប់ ពណ៌នា​សេចក្ដី​តាំង​ពី​ព្រះអង្គ​យាង​ចុតិចាក​តុសិត មក​ចាប់​បដិសន្ធិ​ជា​ឱរស​ព្រះបាទសុទ្ធោទនៈ និង​ព្រះនាង​សិរិ​មហា​មាយា រហូត​មក​ត្រឹម​ព្រះអង្គ​ចេញ​ទ្រង់​ព្រះផ្នួស បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ អត្ថបទ​នេះ​មិន​ដឹង​ជា​អ្នក​ណា​ជា អ្នក​និពន្ធ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជណា​ទេ ។ តែ​តាម​ការ​សង្កេត​មើល​ពាក្យ​ពេចន៍​ក្នុង​គម្ពីរ​នោះ​ឃើញ​ថា មិន​ជា​ចាស់​ណាស់​ណា​ទេ យ៉ាង​យូរ​ណាស់​ត្រឹម​សម័យ​ក្រុង​ឧដុង្គ​ខាង​ដើម ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់ ទេសនា​ក្នុង​ពិធី​បុណ្យ​អភិសេក​ព្រះពុទ្ធ​រូប​ផង ។
គម្ពីរទី២ ហៅថា បឋម​សម្ពោធិវិត្ថារ មាន​៣០បរិច្ឆេទ ។ គម្ពីរ​នេះ​សម្ដេច​ព្រះ​មហាសុមេធា​ធិបតី ព្រះសង្ឃ​រាជជួន ណាត (កាល​នៅ​ជា​សង្ឃ​នាយក) បាន​មាន​ថេរដីកា​ថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដ​បាត់ដំបង បាន​ប្រែ​ចេញ​ពី​បឋម​សម្ពោធិ​វិត្ថារ​របស់​សម្ដេច​ក្រុមព្រះ បរមានុជិត ជិនោរស ក្នុង​សម័យ​ព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើ​ជា​ចៅ​មឿង​បាត់​ដំបង ហើយ​ដែល​បាន​ផ្សព្វផ្សាយ ។
នៅ​ប្រទេស​កម្ពុជា​បុណ្យ​វិសាខបូជា តាម​ដែល​ចាស់​ទុំ​អ្នក​មុខ​អ្នក​ការ​ទាំង​ឡាយ​តំណាលតៗ​គ្នាបាន​ឱ្យ​ដឹងថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី “ព្រះ​អង្គ​ឌួង” ដែល​គង់​នៅ​ក្នុង​ឧដុង្គ​ជា​ដំបូង​ព្រោះ​ថា កាល​ក្នុង​ពុទ្ធសករាជ​២៣៩៧ គ្រិស្ដ​សករាជ១៨៥៤ សម្ដេច​ព្រះអង្គ​ឌួង ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋម​សម្ពោធិកថា” គឺ​បឋម​សម្ពោធិវិត្ថារ​នោះ​ឯង​ដែល​ព្រះឥន្ទ​មុនី “ប៉ែន” គង់​នៅ​វត្ដ​បទុម​វតី ក្រុង​ភ្នំពេញ ប្រែ​និង​រៀប​រៀង​ចេញ​ពី​ច្បាប់​របស់​សម្ដេច​ព្រះ​មហា​សង្ឃរាជ “សា” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ស៊ីសុវត្ថិ មាន​៣០​បរិច្ឆេទ ដូច​ច្បាប់​ដើម។ គម្ពីរ​នេះ​មាន​ជា​បែប​បទ​សំរាប់​ទេសនា​ក្នុង​ថ្ងៃ​វិសាខ​បូជា ក្នុង​វត្ដ​គណៈ​ធម្ម​យុត្ដិកនិកាយ​ទូទាំង​ប្រទេស​ខ្មែរ ។
ការធ្វើ​វិសាខ​បូជា ក្នុង​សម័យ​រជ្ជកាល​ទី២​នោះ ប្រហែល​ជា​មាន​ធ្វើតែ​ក្នុង​ក្រុង មិនទាន់​បាន​ផ្សព្វផ្សាយ​ទៅគ្រប់​វត្ដអារាម​នៅ​ឡើយ​ទេ ហើយ​ក៏​មិនទាន់​មានភាព​ឱឡារិក​អធិក​អធមដែរ ។
ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើវិសាខបូជា​ដែល​ត្រឹមត្រូវ​តាម​លក្ខណៈ កើត​មាន​ឡើង​តាំងពីត្រឹម​រជ្ជកាល​ទី៤ ដោយ​ព្រះរាជា​អង្គនេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះត្រៃ​បិដក​ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើមធ្វើ​វិសាខបូជា​តាំង​ពី​កាលទ្រង់​ព្រះផ្នួស​នៅ​ឡើយ។ លុះដល់​ទ្រង់​ដាក់ព្រះផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់នៅ​តែ​បន្ដ​ ធ្វើវិសាខ​បូជារៀង​ដរាប​មក រហូត​ដល់​ទ្រង់បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សំរាប់ទេសនា​ក្នុង​ ពិធី​បុណ្យនេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហាប៉ាន គឺ​សម្ដេច​ព្រះសុគន្ធា​ធិបតី ជា​គណៈ​ធម្មយុត្ដិក​និកាយ​នៅ​ក្រុង​ទេព “បាងកក” អំពី​ព្រះបាទ​សម្ដេច​ព្រះចម​ក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ​សករាជ​២៣៩៨ ព្រះ​មហាប៉ាន ទើប​និមន្ដ​មក​អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេច​ព្រះហរិរក្ស ទ្រង់​មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ​បាន​និមន្ដឱ្យ​គង់​នៅ​ជាចៅ​អធិការ​វត្ដ សាលាគូ ហៅ​វត្ដ​អម្ពិលបី នៅ​ក្រុង​ឧដុង្គ តរៀងមក ។ ដោយ​ហេតុថា ព្រះមហាថេរ អង្គនេះ កាល​ដែល​លោក​គង់​នៅ​ទីក្រុង​ទេព ធ្លាប់​ធ្វើ​វិសាខ​បូជា​រួចមក​ហើយ ហើយ​កាល​បាន​គង់​នៅ​ប្រទេស​ខ្មែរ ព្រម​ទាំង​បាន​ធ្វើ​ជា​ធំ ក្នុង​គណៈ​ធម្មយុត្ដិ​កនិកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ធ្វើកន្លង​មក ។ ប៉ុន្ដែ យើង​ពុំបាន​ដឹងច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់​ផ្ដើមធ្វើ​ក្នុង​ឆ្នាំណា សករាជ​ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់​ស្ដែង គ្រាន់​តែ​មាន​សេចក្ដី​អះអាង​ពី​អ្នក​មុខ​អ្នកការ​ទាំង​ឡាយ​ថា ប្រាកដ​ជា​មាន​ធ្វើវិសាខ​បូជា តាំង​ពី​ក្នុង​ពេល​ដែល​លោក​គង់​នៅ​ក្រុង​ឧដុង្គ​មកម្ល៉េះ។ លុះ​ដល់​ពេល​លោក​មក​គង់​នៅវត្ដ​បទុមវតី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ​២៤០៨ ក៏បាន​ប្រារឰ​វិសាខ​បូជា​រហូត​ដល់​អស់​ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទៅ​នៅគ្រប់​វត្ដគណៈ​ធម្មយុត្ដិក​ និកាយ​ជាប់​ជាទំនៀម​រហូត​មក ។
ចំណែក​វត្ដខាង​មហានិកាយ ទើប​មាន​ធ្វើ​ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាលព្រះ​ស៊ីសុវត្ថិ ។ តាម​ដែល​សម្ដេច​ព្រះមហាសុមេ​ធាធិបតី​ព្រះសង្ឃ​រាជ​ជួន ណាត “កាល​នៅ​ព្រះសង្ឃ​នាយក” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ នោះ​លោក​គ្រូ​ព្រះវនរ័ត ចន្ទ គង់​នៅ​វត្ដឧណ្ណា​លោម បាន​និមន្ដ​ទៅ​ក្រុង​ទេព ឃើញ​ព្រះ​សង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈ​ធម្មយុត្ដិក​និកាយ ទាំង​គណៈ​មហានិកាយ ធ្វើ​វិសាខ​បូជា ក៏​កើត​ជ្រះថ្លា​នៅពេល​និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំទូល​សម្ដេច​ព្រះមហា​សង្ឃរាជ “ព្រះនាមទៀង” សុំឱ្យ​ធ្វើ​វិសាខ​បូជា សម្ដេច​ព្រះមហា​សង្ឃ​រាជ​ទៀង ក៏​ទ្រង់​បាន​ព្រះរាជា​នុញាត​តាម​សំណូមពរ ទើប​វិសាខ​បូជា​ត្រូវ​បានធ្វើជា​បន្ដបន្ទាប់​រៀងដរាប​មក ។ ប៉ុន្ដែ ពេល​នោះក៏ពុំ​ទាន់​បាន​ធ្វើគ្រប់​វត្ដ​នៅឡើយ គឺមាន​ធ្វើចំពោះ​តែ​វត្ដនៅ​ក្នុងក្រុង ។ ឯវត្ដ​នៅតាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដធំៗ វត្ដតូចៗ ច្រើន​ពុំបាន​ធ្វើនៅ​ឡើយ ។
ចំណែក​ព្រះមហាក្សត្រ​ដែនដី តាំង​ពីរជ្ជ​កាល​ព្រះបាទ​សម្ដេច​ព្រះហរិរក្ស “ព្រះអង្គ ឌួង” មក​សុទ្ធ​តែ​ទ្រង់ជ្រះ​ថ្លា​បានទទួល​ធ្វើ​គ្រប់ៗ​ព្រះអង្គ ។
តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះគុណ​សម្បត្ដិ ព្រះបាទ​សម្ដេច​ព្រះហរិរក្ស ដែល​ជា​អ្នកផ្ដួច​ផ្ដើម​ធ្វើ​វិសាខ​បូជា​ឡើង​ជា​ដំបូង ព្រោះ​រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “បាងកក” និង​ទ្រង់​ធ្លាប់​សាង​ព្រះផ្នួស នៅ​ទីនោះ។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិធម៌ ជ្រួត​ជ្រាប​គម្ពីរ​ព្រះត្រៃ​បិដក​ជ្រៅជ្រះ។ នៅ​ពេល​ដែល​ទ្រង់បាន​ឡើងសោយ​រាជ​សម្បត្ដិ ក៏ទ្រង់​ផ្ដើម​ធ្វើពិធី​បុណ្យនេះ​តាម​ដែល​ទ្រង់​ធ្លាប់​បាន​ជ្រួត​ជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ របៀប​បែប​ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃ ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: