អំពីវត្ត
ប្រវត្តិសង្ខេប វត្តជម្ពូវ័ន
លក្ខណៈភូមិសាស្រ្ត
បច្ចុប្បន្នវត្តជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មានព្រំប្រទល់ខាងកើតទល់វិទ្យាល័យសម្ដេចហ៊ុនសែនជម្ពូវ័ន។ ខាងត្បូងទល់ភូមិព្រៃព្រីងខាងត្បូង។ ខាងជើងទល់ផ្លូវជាតិលេខ៤។ មានទំហំបណ្ដោយ ២០០ម៉ ទទឹង ១៩៥ម៉។ឈ្មោះដើមរបស់វត្តគឺ វត្តអង្គតារាជ ឈ្មោះផ្លូវការ វត្តជម្ពូវ័ន បានកសាងឡើងក្នុងឆ្នាំ ១៩០២។ ទីនេះកាលដើមឡើយជាទួលអង្គមួយ។ ទួលនេះជាទួលរបស់លោកតារាជ។ ទួលនេះសំបូរដោយដើមព្រីង គឺជាព្រៃព្រីងសុទ្ធតែម្ដង។
អំពីឈ្មោះរបស់វត្ត
ទីនេះគឺជាទួលអង្គរបស់លោកតារាជ។ ក្នុងគោលបំណងរក្សាលក្ខណៈភូមិសាស្រ្ត និងជាកិច្ចលើកទឹកចិត្តចំពោះម្ចាស់ដីផង គេបានដាក់ឈ្មោះវត្តនេះថា វត្តអង្គតារាជ។ក្រោយមកពេលបញ្ចុះសីមា សម្ដេចព្រះសង្ឃរាជទ្រង់ជ្រាបថា ទីនេះគឺជាទួលអង្គសំបូរដោយ ដើមព្រីង។ ទ្រង់ជ្រាបពីទិដ្ឋភាពនេះ សម្ដេចព្រះសង្ឃរាជទ្រង់ប្រែឈ្មោះវត្តនេះពីវត្តអង្គតារាជ មកជា វត្តជម្ពូវ័ន វិញ មានន័យថា ជម្ពូ ប្រែថា ព្រីង វ័ន ប្រែថា ព្រៃ។ ដូចនេះវត្តបានកំណត់ឈ្មោះផ្លូវការថា វត្តជម្ពូ -វ័ន តរៀងមក។
អំពីស្ថានភាពវត្តមុនឆ្នាំ១៩៧៥
ក្នុងរយៈពេលនោះ វត្តនេះជាវត្តអនុគណតរៀងមកទល់សព្វថ្ងៃ។ វត្តនេះ មានការឧបត្ថម្ភគាំទ្រ ពីអ្នកមុខ អ្នកការ ជាមន្រ្តីរាជការ ឧកញ៉ា ធ្វើឱ្យវត្តមានការរីកចំរើនគួរឱ្យមោទនភាពក្រៃលែង។ប្រការគួរឱ្យកត់សម្គាល់វត្តនេះ ជាវត្តដែលអ្នកប្រាជ្ញព្រះពុទ្ធសាសនា យកព្រះទ័យទុកដាក់ហើយ បានបើកបង្រៀនធម្មវិន័យយ៉ាងខ្ជាប់ខ្ជួន។
អំពីស្ថានភាពវត្តពីឆ្នាំ១៩៧៥-១៩៧៩
រយៈពេលនេះ គឺជាការគ្រប់គ្រងរបស់ពួកប៉ុលពត។ ទីវត្តទាំងមូលត្រូវបានបោះបង់ចោល ពួក ប៉ុលពត យកទីនេះធ្វើជាជម្រំកងទ័ព។ សំណង់ទាំងឡាយរបស់វត្តត្រូវបានបំផ្លាញស្ទើរគ្មានសល់។
ស្ថានភាពវត្តក្រោយឆ្នាំ១៩៧៩
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ទីនេះនៅសល់ព្រះវិហារ និងឧបដ្ឋានសាលា ស្ថិតក្នុងសភាពបាក់បែក ប្រើការមិនកើត។ផ្អែកតាមគោលនយោបាយរបស់រណសិរ្ស សាមគ្គី សង្គោះជាតិកម្ពុជា វត្តនេះត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ១៩៨៦។ក្រោយពីបើកឡើងវិញវត្តនេះ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ធ្វើឱ្យទីនេះមានសោភ័ណ្ឌភាពល្អ សមជាទីសក្ការៈ។
អំពីព្រះចៅអធិការគ្រប់គ្រងវត្ត
ចាប់ពីការកកើតវត្តមក គេមិនបានចាំព្រះនាមព្រះចៅអធិការអស់ឡើយ។ គេចាំបានតែមួយអង្គ ដែលមានព្រះជន្មវែង ហើយគ្រប់គ្រងវត្តនេះ យូរយាជាងគេគឺ ព្រះតេជគុណ អ៊ីង ឡាំង។ចាប់ពីឆ្នាំ១៩៨៦ រហូតមកទល់ពេលនេះ គឺព្រះសុមេធវង្ស អឿ សំអាន ជាចៅអធិការ និងជា ព្រះអនុគណខណ្ឌ។គិតមកទល់ឆ្នាំ២០០៨ វត្តនេះមានអាយុកាល ១០៦ឆ្នាំ។សម្ដេចព្រះសង្ឃរាជ ជួន ណាត យាងជាព្រះរាជធិបតីភាពកាត់ឬសសីមា។
ក្រោយឆ្នាំ១៩៧៩ សម្ដេចចៅហ្វាវាំង គង់ សំអុល ជាអ្នកឧបត្ថម្ភ៕
មតិ»
No comments yet — be the first.